ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ស៊ីអិនធីវីអនឡាញ
ជនសង្ស័យសម្លាប់សង្សារជាស្រ្តីម៉ាស្សា ដោយសារភ្លើងប្រចណ្ឌ ត្រូវបានបញ្ជូនទៅតុលាការ
Sat,21 April 2018 (Time 06:53 PM)
ដោយ ៖ រ័ត្ន ភារុណ (ចំនួនអ្នកអាន: 348នាក់)

ភ្នំពេញ៖ ជនសង្ស័យសម្លាប់សង្សារជាស្រ្តីម៉ាស្សា ដោយសារភ្លើងប្រចណ្ឌ ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌចំការមន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នេះ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ក្រោមការសាកសួររបស់លោក តុប ឈុនឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវបញ្ជូនខ្លួនទៅតុលាការមានឈ្មោះ ហុង សុខហេង អាយុ៤១ឆ្នាំ ជាបុគ្គលិកហាងម៉ាស្សា KS កាន់ផ្នែកស្ទីមសូណា ស្នាក់នៅកន្លែងម៉ាស្សាតែម្តង នៅផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខណ្ឌមានជ័យ ស្រាវជ្រាវចាប់បាន នៅចំណុចវាលខ្សាច់ផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ។
ក្រោយឃាត់ខ្លួនជនសង្ស័យសារភាពថា មូលហេតុដែលឈានដល់ហ៊ានសម្លាប់នារីជាសង្សារ ដោយសារប្រចណ្ឌ ដោយសារនារីរងគ្រោះចង់ចែកផ្លូវ និងឧស្សាហ៍និយាយសារសងគ្នារាល់យប់ តាមទូរស័ព្ទជាបុរសផ្សេង។ សពស្រ្តីរងគ្រោះបានស្លាប់ក្នុងផ្ទះជួលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ប្ដឹងទៅសមត្ថកិច្ចចុះមកកន្លែងកើតហេតុឡោមព័ន្ធ កាលវេលាម៉ោង៧ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៨ នៅចំណុចផ្ទះជួលលេខ៣៦៥ តាមផ្លូវ១៦៣ ក្រុម១៦ ស្ថិតនៅភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ជនរងគ្រោះមានឈ្មោះ សួង លីនណាហៅលេខ១៦ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានស្លាប់នៅជាន់ទី១ ។
សមត្ថកិច្ចត្រួតពិនិត្យសពស្រ្តីរងគ្រោះរួចសន្និដ្ឋានថា ជាករណីឃាតកម្ម ដោយសពមានសភាពបែកក្បាលពីមុខ និងក្រោយដោយប្រើខ្សែរឹតករួចយកបោកក្បាល និងឥដ្ឋការ៉ូ ទើបបណ្ដាលហូរឈាមពេញបន្ទប់៕